វិញ្ញាសារ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
សម័យប្រឡង ២២ មករា ២០១៧
សំណួរ
១. តើផ្សារហ៊ុននៅកម្ពុជាមានឈ្មោះអ្វី?
តើវាមានសារសំខាន់អ្វីខ្លះចំពោះសេដ្ឋកិច្ចកម្ពុជា? (៣០)
២. ប្រទេសកម្ពុជាយើងបានប្រើប្រាស់ដុល្លារូបនីយកម្ម ។
តើដុល្លារូបនីយកម្មនេះមានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ ? ចូររៀបរាប់ ? (៣០)
៣. រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លើវិស័យសាធារណៈ ។
តើរាជរដ្ឋាភិបាលគួរយកចិត្តទុកដាក់លើវិស័យសាធារណៈអ្វីខ្លះជាអាទិភាព
ដើម្បីអោយសេដ្ឋកិច្ចរីកចម្រើន ? ចូរពន្យល់ ?
ចម្លើយ
១. ប្រទេសកម្ពុជា មានគម្រោងសម្ពោធបើកដំណើរការក្រុមហ៊ុនមូលបត្រកម្ពុជា
នៅថ្ងៃទី១១ ខែកក្កដា
ដើម្បីជាជំហានទៅរកការបង្កើតផ្សារមូលបត្រកម្ពុជា ឬហៅថា ផ្សារហ៊ុន នៅឆ្នាំ២០១១នេះ។ ទីផ្សារមូលបត្រកម្ពុជា
ដែលអាចបើកដំណើរការនៅឆ្នាំ២០១១នេះ គឺប្រើប្រាស់លុយរៀលសម្រាប់គិតទូទាត់ ហើយចាប់ផ្ដើមដោយមានក្រុមហ៊ុនរបស់រដ្ឋចំនួន
៣ និងធនាគារឯកជនមួយចំនួនទៀត។
ក្រុមហ៊ុនទាំង៣ របស់រដ្ឋនោះ រួមមានរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងក្រុមហ៊ុនទូរគមនាគមន៍កម្ពុជា។
លោក
ច័ន្ទ សុផល ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី៣០ មិថុនា
ថា ការបង្កើតទីផ្សារមូលបត្រនៅកម្ពុជានេះ អាចជួយឲ្យក្រុមហ៊ុនមួយចំនួនដែលចុះឈ្មោះនៅក្នុងផ្សារមូលបត្រអាចពង្រីកសកម្មភាពរបស់ក្រុមហ៊ុនបានតាមរយៈការទទួលទុនបន្ថែមពីផ្សារមូលបត្រ។
ប៉ុន្តែការវិនិយោគទុននៅក្នុងទីផ្សារមូលបត្រ
ឬផ្សារហ៊ុននោះ អាចមានការចំណេញ និងមានការខាតផងដែរ វាអាស្រ័យទៅលើសកម្មភាពក្រុមហ៊ុន
ដែលសាធារណជនទិញហ៊ុននោះ។
តាមលោក
ច័ន្ទ សុផល ការបង្កើតទីផ្សារមូលបត្រក្រៅពីក្រុមហ៊ុនអាចប្រមូលទុនពង្រីកសកម្មភាពបានតែជាមួយនោះ ទាមទារឲ្យរដ្ឋត្រូវចូលរួមត្រួតពិនិត្យសកម្មភាពក្រុមហ៊ុនដែលមានឈ្មោះក្នុងផ្សារមូលបត្រនោះ ឲ្យបានត្រឹមត្រូវផងដែរ។
គណៈកម្មការមូលបត្រកម្ពុជា
ហៅកាត់ថា គ.ម.ក បានអះអាងនៅក្នុងវ៉ឹបសាយរបស់ខ្លួនថា គ.ម.ក. មានគោលដៅគ្រប់គ្រងវិស័យមូលបត្រក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ
និងសង្គម តាមរយៈការកៀរគរមូលធនពីសាធារណជន ឬអ្នកវិនិយោគមូលបត្រដើម្បីឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុសម្រាប់ការវិនិយោគនៅកម្ពុជា៕
២.គុណប្រយោជន៍នៃដុល្លារូបនីយកម្ម
គុណប្រយោជន៍ គឺនៅត្រង់ថា នៅក្នុងពេលដែលសាធារណជនមិនមានទំនុកចិត្តលើលុយរៀល ការអនុញ្ញាតឲ្យចាយលុយដុល្លារអាចបញ្ចៀសកុំឲ្យកម្ពុជាត្រូវប្រឈមមុខនឹងចលនាហូរចេញមូលធនទៅក្រៅប្រទេស។ ដោយសារតែមិនមានទំនុកចិត្តលើលុយរៀល អ្នកមានលុយមិនចង់រក្សាទុកលុយរៀលច្រើន ហើយនាំគ្នាស្វះស្វែងរកកន្លែងទុកលុយជាដុល្លារ
ឬលុយបរទេសផ្សេងទៀត ដែលគេគិតថាមានហានិភ័យតិចជាង។
ប្រសិនបើនៅកម្ពុជា ដុល្លារមិនត្រូវបានអនុញ្ញាតឲ្យធ្វើចរាចរយ៉ាងទូលំទូលាយដូចសព្វថ្ងៃនេះទេ ដើម្បីអាចទុកលុយជាដុល្លារ គេប្រាកដជាត្រូវយកលុយទៅទុកនៅក្នុងធនាគារឯក្រៅប្រទេស ហើយមូលធនដែលជាកត្តាសំខាន់សំរាប់កំណើនសេដ្ឋកិច្ចជាតិ នឹងត្រូវហូរចេញទៅក្រៅប្រទេស។ ឬក្នុងករណីខ្លះទៀត អ្នកមានលុយ ដែលមិនចង់ទុកជាលុយរៀល ហើយក៏មិនអាចទុកជាដុល្លារនៅក្នុងប្រទេសបាន អាចនាំគ្នាយកលុយទៅទិញមាសទុកជំនួសវិញ។
ការទុកលុយជាមាសនេះ ក៏មិនខុសពីការយកលុយទៅទុកនៅឯធនាគារបរទេសដែរគឺវានាំឲ្យកម្ពុជាត្រូវបាត់បង់មូលធនសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច។គុណប្រយោជន៍មួយទៀត
នៃការចាយលុយដុល្លារ គឺវាជួយសម្រួលដល់កម្ពុជា ក្នុងការធ្វើសមាហរណកម្ម
ក្នុងពាណិជ្ជកម្មអន្តរជាតិ។ ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណដ៏មានស្ថិរភាពបានជួយកម្ពុជាឲ្យមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងបង្កើតបរិយាកាសដែលមានអំណោយផល
សម្រាប់ការធ្វើជំនួញ។ ការចាយលុយដុល្លារធ្វើឲ្យអ្នកជំនួញអាចកាត់បន្ថយការចំណាយទៅលើការប្តូរប្រាក់ រវាងលុយរៀល និងលុយដុល្លារ ហើយហានិភ័យនៃអត្រាប្តូរប្រាក់ក៏ត្រូវកាត់បន្ថយច្រើនផងដែរ។ ទាំងនេះគឺជាកត្តាសំខាន់មួយ ដែលជំរុញឲ្យមានវិនិយោគបរទេសនៅក្នុងប្រទេសកម្ពុជា
ជាពិសេស
នៅក្នុងវិស័យកាត់ដេរ។
គុណវិបត្តិនៃដុល្លារូបនីយកម្ម
ទន្ទឹមនឹងគុណប្រយោជន៍អស់ទាំងនេះ ការចាយលុយដុល្លារក៏មានគុណវិបត្តិច្រើនផងដែរ។ គុណវិបត្តិធំជាងគេ គឺកម្ពុជាត្រូវបាត់បង់អាវុធដ៏សំខាន់មួយ នៅក្នុងនយោបាយម៉ាក្រូសេដ្ឋកិច្ច គឺនយោបាយរូបិយវត្ថុ។ ការចាយលុយដុល្លារអាមេរិកយ៉ាងទូលំទូលាយដូចជាពេលបច្ចុប្បន្ននេះ មានន័យថា ទោះចង់មិនចង់ មួយផ្នែកធំនៃនយោបាយរូបិយវត្ថុរបស់កម្ពុជាត្រូវបានផ្ទេរទៅឲ្យធនាគារកណ្តាលអាមេរិកជាអ្នកចាត់ចែងជំនួសធនាគារជាតិកម្ពុជាវិញ។
គេអាចនិយាយថា អាមេរិកជាមហាអំណាចសេដ្ឋកិច្ចពិភពលោក ហើយធនាគារកណ្តាលអាមេរិកជាស្ថាប័នដែលមានសមត្ថភាពខ្ពស់ និងដែលគួរឲ្យគេទុកចិត្ត។ ដូច្នេះ បើឲ្យអាមេរិកជាអ្នកចាត់ចែងនយោបាយរូបិយវត្ថុជំនួយធនាគារជាតិកម្ពុជា វាក៏គួរជារឿងល្អដែរ។ ក៏ប៉ុន្តែ គេមិនគួរភ្លេចទេថា ប្រទេសនីមួយៗមានលក្ខណៈពិសេសរៀងៗខ្លួន និងមានស្ថានភាពសេដ្ឋកិច្ចខុសៗគ្នា ហើយពេលខ្លះចាំបាច់ត្រូវមាននយោបាយសេដ្ឋកិច្ចខុសគ្នា ដើម្បីឆ្លើយតបទៅនឹងតម្រូវការសេដ្ឋកិច្ចរៀងៗខ្លួន។
ម្យ៉ាងទៀត រូបិយប័ណ្ណជាតិ គឺជានិមិត្តរូបដ៏សំខាន់មួយនៃអធិបតេយ្យជាតិ។ ដូច្នេះ ការចាយលុយរៀល ដែលជារូបិយប័ណ្ណជាតិ និងការគ្រប់គ្រងនយោបាយរូបិយវត្ថុយ៉ាងពេញលេញដោយខ្លួនឯង វាមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ តែវាក៏ជាមោទនភាពរបស់ជាតិខ្មែរទាំងមូលផងដែរ។ ក៏ប៉ុន្តែ ដើម្បីឲ្យលុយរៀលត្រូវបានគេប្រើប្រាស់ច្រើន និងជាមោទនភាពរបស់ជាតិខ្មែរបាន រដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវតែដាក់ចេញនូវនយោបាយ ដើម្បីស្តារទំនុកចិត្តលើលុយរៀលឡើងវិញ៕
No comments:
Write comments